ហេតុអ្វី Fenerbahce ដាក់ U19 ប្រកួតជាមួយ Galatasaray?
នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Super Cup ដ៏ចម្រូងចម្រាស់មួយកាលពីថ្ងៃអាទិត្យ ក្លឹប Fenerbahce បានដាក់ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំប្រកួតទល់នឹងគូប្រជែង Galatasaray ហើយទីបផុតក្រុមវ័យក្មេងទាំងនោះបានដើរចេញពីទីលាន បន្ទាប់ពីលេងបានត្រឹមតែមួយនាទីដើម្បីធ្វើការតវ៉ាចំពោះទង្វើអយុត្តិធម៌មួយចំនួន។
Fenerbahce បានស្នើសុំឱ្យពន្យារពេលការប្រកួត ខណៈដែលពួកគេប្រឈមមុខនឹងការប្រកួតពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយទល់នឹង Olympiakos របស់ប្រទេសក្រិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែអាជ្ញាធរបាល់ទាត់បានច្រានចោល។
កាលពីព្រឹកថ្ងៃអាទិត្យ ប្រធានក្លឹប Fenerbahce លោក Ali Koc បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយនិយាយថា វាដល់ពេលហើយសម្រាប់បាល់ទាត់តួកគីត្រូវពិនិត្យឡើងវិញ។
ជម្លោះនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហព័ន្ធបាល់ទាត់តួកគីបានដាក់ទណ្ឌកម្មកីឡាករ Fenerbahce ពីរនាក់ឱ្យជាប់បម្រាមមួយប្រកួត។ ការដាក់ទណ្ឌកម្មនេះត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកគាំទ្រ Trabzonspor បានសម្រុកចូលទៅក្នុងទីលានប្រកួត និងបានប៉ះទង្គិចជាមួយនឹងកីឡាករ Fenerbahce ក្នុងការប្រកួតលីកនៅថ្ងៃទី ១៧ ខែមីនា។