លោក Pep បដិសេធរឿងមានគម្រោងផ្លាស់ប្ដូរក្រុមទ្រង់ទ្រាយធំនៅរដូវកាលក្រោយ
ជាការពិតណាស់! កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារាមមួយចំនួន ក៏ដូចជាសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយថា លោក Pep Muñoz ដែលជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រៀមរៀបចំក្រុមថ្មីមួយជាមួយនឹងការចរចារកីឡាករឆ្នើមៗក្នុងស្រុកមួយចំនួនសម្រាប់រដូវកាលក្រោយ...។
យ៉ាងណា ជាការឆ្លើយតបទៅនឹងរឿងខាងលើនេះ លោក Pep Muñoz បានប្រាប់សារព័ត៌មាន 2amsports ថា៖ «មែនហើយ! ខ្ញុំផ្តោតទាំងស្រុងជាមួយនឹងការរៀបចំការប្រកួតដែលយើងមាននៅខាងមុខ។ វាជាផ្នែកចុងក្រោយនៃរដូវកាលនេះ ហើយក្នុងនាមជាក្រុម យើងចង់រីករាយរាល់ការហ្វឹកហាត់ និងប្រកួតជាមួយគ្នា។ វាពិតជាងាយស្រួលក្នុងដឹងលឺពាក្យចចាមអារ៉ាមមកពីណា ប៉ុន្តែខ្ញុំមានក្រុមកីទ្បាករអាជីពដ៏អស្ចារ្យ ដែលមានការគិតវិជ្ជាមាន ហើយគ្មាននរណាម្នាក់អាចនាំយើងចេញពីផ្លូវរបស់យើងបានទេ»។ លោកបន្តទៀតថា៖ «ខ្ញុំមិនអាចឆ្លើយជារៀងរាល់ថ្ងៃចំពោះពាក្យចចាមអារ៉ាមដែលគេបង្ហោះនោះទេ។ ប៉ុន្តែប្រសិនបើពួកគេចង់ធ្វើឱ្យកីឡាកររបស់យើងមានភាពភ័យខ្លាចជាមួយនឹងព័ត៌មានក្លែងក្លាយ ពួកគេនឹងមិនធ្វើទេ។ ភាគច្រើនពាក្យចចាមអារ៉ាមទាំងនោះគឺមិនការពិតទ្បើយ។ យើងផ្តោតទាំងស្រុងពេលបច្ចុប្បន្នប៉ុណ្ណោះ»។
គួរឱ្យដឹងថា សប្តាហ៍ចុងក្រោយទី ២៧ ជុំទី ៣ នៃលីគកំពូលកម្ពុជា Cambodia Premier League ក្រុមរបស់លោក Pep Muñoz នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះបឹងកេត នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ...៕