គ្រូបង្វឹក៣រូបស្ថិតក្នុងបញ្ជីសម្រាំងរបស់ Chelsea

May 24, 2024 - 20:53
May 24, 2024 - 23:02
 3
ចែករំលែកទៅកាន់

រហូតមកដល់ពេលនេះក្លឹបតោខៀវ Chelsea រកឃើញបេក្ខជន៣រូបនៅក្នុងបញ្ជីសម្រាប់តំណែងគ្រូបង្វឹកជំនួសលោក Mauricio Pochettino ដែលបានចាកចេញដោយការយល់ព្រមគ្នា។ បេក្ខជនដ៏មានសក្តានុពលបំផុតទាំង៣រូបនោះរួមមានលោក Kieran McKenna គ្រូបង្វឹករបស់ Ipswich Town, លោក Enzo Maresca របស់ Leicester City និងលោក Thomas Frank របស់ Brentford ។នេះបើយោងតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃសុក្រទី ២៤ ឧសភា ២០២៤។

ប្រភពខាងលើបានឱ្យដឹងទៀតថាទំនាក់ទំនងត្រូវបានធ្វើឡើងជាមួយលោក McKenna អាយុ ៣៨ ឆ្នាំដែលបានដឹកនាំក្លឹប Ipswich ឈ្នះវគ្គ Play Off ឡើងមក Premier Leagues ក្នុងរដូវកាលនេះ ប៉ុន្តែមានការប្រកួតប្រជែងពីក្លឹប Brighton ដែលចង់បានគ្រូបង្វឹករូបននេះដែរដើម្បីជំនួស Roberto de Zerbi ។ Manchester United ក៏ត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍លើលោក McKenna ដែលនឹងត្រូវចំណាយប្រាក់ជាង៥លានដុល្លារជាសំណង។

លោក McKenna ត្រូវបានគេជឿថាជាអ្នកនាំមុខគេ ខណៈដែល Chelsea កំណត់គោលដៅតែងតាំងគ្រូបង្វឹកឱ្យឆាប់រហ័ស ប៉ុន្តែ Maresca វ័យ៤៤ ឆ្នាំដែលបានដឹកនាំ Leicester ឈ្នះជើងឯកឆេមពានស៊ីម និងធ្លាប់ជាគ្រូបង្វឹកនៅ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ក៏ជាជម្រើសផងដែរ។ ចំណែកឯគ្រូបង្វឹកសញ្ជាតិដាណឺម៉ាកលោក Frank ដែលមានអាយុ៥០ឆ្នាំកំពុងស្ថិតក្រោមការពិចារណាដូចគ្នាសម្រាប់តំណែងនេះ៕