មកស្គាល់កីទ្បាករខ្មែរទាំង ៨ នាក់ដែលធ្លាប់សាងកេរ្តិ៍​ឈ្មោះនៅលីគបាល់ទាត់ក្រៅប្រទេស

Jun 3, 2024 - 20:58
Jun 3, 2024 - 21:02
 216
ចែករំលែកទៅកាន់

ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ សន្ទស្សន៍នៃការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកីទ្បាករក្នុងស្រុកមួយចំនួនមានឱកាសចេញទៅប្រកបអាជីពនៅក្រៅប្រទេស ហើយទទួលថ្លៃនឿយហត់ច្រើនជាងក្នុងស្រុកថែមទៀតផង។ 

១. ព្រឹទ្ធចារ្យបាល់ទាត់ ប៉ែត ផាត

វីរៈបុរសបាល់ទាត់កម្ពុជា លោក ប៉ែត ផាត គឺជាកីទ្បាបាល់ទាត់កម្ពុជា ដែលមាន​រហស្សនាមថា ពស់​កេងកង ដែលប្រកបអាជីពអំទ្បុងសម័យសង្គមរាស្ត្រនិយម (១៩៦០-៧០)។ លោកធ្លាប់លេងឱ្យក្លឹប Rapracha FC ពីឆ្នាំ ១៩៧២​-១៩៧៧ ហើយ​​​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ក្លឹប​នៅ​ប្រទេស​ថៃ ដើម្បី​ប្រកួតតទល់នឹងវីរ​បុរសបាល់ទាត់របស់​ប្រេស៊ីល លោក Pele​​ ថែមទៀតផង។  អ្វីដែលកាន់តែពិសេសនោះ លោក ប៉ែត ផាត បានរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុមជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៤ នៃ​ពាន​រង្វាន់​ Asian Cup ឆ្នាំ​១៩៧២។  អំឡុង​ឆ្នាំ​ ១៩៧៤​​ នៅពេល​ដែល​លោក​កំពុង​តែ​បំពេញ​ភារកិច្ច​ឱ្យ​ក្លឹប​នៅ​ថៃ​មួយ​នេះ ​ក្លឹប​នៅ​ប្រទេស​អាល្លឺម៉ង់​ចង់​​បាន​រូប​លោក​​​ទៅ​ចូល​រួម​ក្រុម​ តែ​ក្លិប ​​Rapracha​ FC មិន​អនុញ្ញាត​​ ហើយព្រម​ទាំង​យក​​លិខិត​ឆ្លង​ដែន​​​របស់​លោក​​ទុក​ទៀត។  ទោះយ៉ាងណា នៅចុងឆ្នាំ ១៩៧៧ លោក ប៉ែត ផាត បានចាកចេញពីក្លឹប Rapracha​ FC ទៅចូលរួមជាមួយនឹងក្លឹប Grenoble FC នៃលីគកំពូលបារាំងរយៈពេល ១ ឆ្នាំ បន្ទាប់មកចូលរួមជាមួយនឹងក្លឹប Montpelier និង Paris FC​ មុនសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។ 

២. លោក ឃឹម បូរី

មុនពេលក្លាយជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើល លោក ឃឹម បូរី ធ្លាប់មានឱកាសទៅប្រកបអាជីពបាល់ទាត់នៅក្នុងក្របខណ្ឌលីគកំពូលថៃ (Thai Premier League) កាលពីឆ្នាំ ២០១១ ដោយលេងឱ្យក្លឹប Sisaket Muangthai FC ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេល ១ រដូវកាលពីក្លឹបភ្នំពេញក្រោន ហើយទទួលបានថ្លៃនឿយហត់ប្រមាណ ៣ ពាន់ដុល្លារអាម៉េរិកក្នុងមួយខែ។

៣. ប្រធានក្រុមបឹងកេត កីទ្បាករ ចាន់ វឌ្ឍនាកា

ចន្លោះពីឆ្នាំ ២០១៧ រហូតដល់ ២០១៩ ជាពេលដែលកីទ្បាករ ចាន់ វឌ្ឍនាកា កំពុងឡើងជើងខ្លាំង ហើយកីឡាករមានដើមកំណើតមកពីខេត្តកំពតរូបនេះត្រូវបានក្លឹបចំនួន ៣ នៅក្រៅប្រទេស ដែលរួមមានក្លឹប Fujieda MYFC លីគទី ៣ របស់ប្រទេសជប៉ុន, Pahang FA និង Selangor FC (PKNS) លីគកំពូលម៉ាឡេស៊ី ចុះហត្ថលេខាខ្ចីជើងរយៈពេលខ្លីពីក្លឹបបឹងកេត។ អំទ្បុងពេលលេងឱ្យក្លឹប Pahang FA កីទ្បាករ ចាន់ វឌ្ឍនាកា ទទួលបានថ្លៃនឿយហត់រហូតដល់ ១៦០០០ ដុល្លារអាម៉េរិកក្នុងមួយខែ ប៉ុន្តែអតីតសមាជិកព្រះខ័នរាជរូបនេះលេងនៅទីនោះបានតែមួយឆ្នាំទេ។ ចំណែក ថ្លៃនឿយហត់លេងឱ្យក្លឹប Fujieda MYFC និង Selangor FC (PKNS) មិនមានរបាយការណ៍ណាមួយបញ្ជាក់ច្បាស់លាស់ទ្បើយ។ 

៤. អតីតសមាជិករបស់ក្រុមភ្នំពេញក្រោន កីឡាករ កុក បូរីស 

កាលពីឆ្នាំ ២០២២ កីឡាករកូនកាត់ខ្មែរ-បារាំង កុក បូរីស ក៏ត្រូវបានក្លឹប Sarawak United នៃលីគកំពូលម៉ាឡេស៊ី ខ្ចីជើងរយៈពេល ១ រដូវកាលពីក្លឹបភ្នំពេញក្រោន ខណៈថ្លៃនឿយហត់មិនមានរបាយការណ៍ខាងក្លឹប និងសាមីខ្លួនបញ្ជាក់ទ្បើយ។ 

៥. ប្រធានក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម

សមាជិកព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា កីទ្បាករ ប្រាក់ មុន្នីឧត្តម បានចូលរួមជាមួយនឹងក្លឹប Negeri Sembilan FC នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី កាលពីឆ្នាំ ២០១៨ ប៉ុន្តែក្លឹបម៉ាឡេស៊ីមួយនេះបានផ្តាច់កុងត្រាមុនពេលកំណត់។ 

៦. កីទ្បាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន

សមាជិកក្រុមព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ-ការពារ ធារី ចន្ថាប៊ីន អាចចាត់ទុកថា ជាកីទ្បាករជោគជ័យជាងគេក្នុងចំណោមកីឡាករដែលចេញទៅប្រកបអាជីពនៅបរទេស​ ដោយរូបគេធ្លាប់លេងឱ្យក្លឹបក្រៅស្រុកចំនួន ៣ រួមមាន Terengganu FC និង Perak FC លីគកំពូលម៉ាឡេស៊ី ព្រមទាំងក្រុម Sukhothai FC នៃក្របខណ្ឌលីគកំពូលថៃ ចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២១ មុនពេលចូលរួមជាមួយនឹងក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង។ 

៧. អតីតសមាជិកក្រុមវិសាខា កែវ សុខផេង

មុនពេលមិនទាន់ចូលនិវត្តន៍ពីអាជីពបាល់ទាត់ កែវ សុខផេង ជាកីទ្បាករម្នាក់ក្នុងចំណោម ៤ នាក់ ដែលមានឱកាសទៅប្រកបអាជីពបាល់ទាត់នៅក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ដោយលេងឱ្យក្លឹប PKNP FC រយៈពេល ១ រដូវកាល កាលពីចុងឆ្នាំ ២០១៧។ ប៉ុន្តែក៏ត្រូវបានក្លឹបផ្តាច់កុងត្រាមុនពេលកំណត់ដូចគ្នាទៅនឹងមិត្តរួមក្រុមជម្រើសជាតិ ២ នាក់ទៀតគឺ ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ផងដែរ។ 

. Golden Boy របស់ក្រុមបឹងកេត កីទ្បាករ សៀង ចន្ធា

កីទ្បាករ សៀង ចន្ធា ចូលរួមជាមួយនឹងក្លិប AL SHAHANIYA SC នៃក្របខណ្ឌលីគទី២ (Qatari Second Division) របស់ប្រទេសកាតា ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាល ដោយទទួលបានថ្លៃនឿយហត់ប្រមាណជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយរដូវកាល ខណៈខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ បានក្លាយជាកីទ្បាករខ្មែរដំបូងគេ មានឱកាសទៅប្រកបអាជីពបាល់ទាត់នៅប្រទេសកាតា៕