សហជីព​កីឡាករ​បាល់ទាត់​នាំ FIFA ទៅ​តុលាការ​ជុំវិញ​ការ​ប្រកួត Club World Cup

Jun 14, 2024 - 16:51
 11
ចែករំលែកទៅកាន់

សហជីពកីឡាករបាល់ទាត់អាជីពប្រទេសអង់គ្លេស (PFA) និងបារាំង (UNFP) ប្តឹង FIFA ទៅតុលាការទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ ពីបទកំណត់ពេលវេលាប្រកួតដោយឯកតោភាគីដោយស្ថាប័នពិភពលោក ជាពិសេសពាក់ព័ន្ធទៅនឹងកម្មវិធីប្រកួតពានរង្វាន់ថ្មី Club World Cup នៅឆ្នាំ២០២៥។

សហជីពរបស់កីឡាករបានត្អូញត្អែរថាការប្រកួត Club World Cup ដែលនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងខែមិថុនា និងខែកក្កដា ឆ្នាំក្រោយ គឺជាបន្ទុកបន្ថែមដែលមិនអាចទទួលយកបានសម្រាប់កីឡាករ។ សហព័ន្ធកីឡាបាល់ទាត់អាជីពពិភពលោក Fifpro បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការជឿថាការសម្រេចចិត្តទាំងនេះរំលោភលើសិទ្ធិកីឡាករ និងសហជីពរបស់ពួកគេក្រោមធម្មនុញ្ញ EU នៃសិទ្ធិជាមូលដ្ឋាន ខណៈវាក៏អាចបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុបផងដែរ។

ដោយមានការគាំទ្រពី fifpro UNFP និង PFA បានស្នើឱ្យតុលាការពាណិជ្ជកម្មក្រុងព្រុចសែល បញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុបដោយដាក់ចេញនូវសំណួរចំនួនបួនសម្រាប់សេចក្តីសម្រេចបឋម ។ កាលពីដើមខែឧសភា សហព័ន្ធបាល់ទាត់ពិភពលោក Fifpro និងសមាគមបាល់ទាត់ពិភពលោកបានគំរាមកំហែង FIFA រួចហើយជាមួយនឹងចំណាត់ការផ្លូវច្បាប់៕