គ្រូ Avatar FC រំពឹងថាក្រុមលោកនឹងអាចរកគ្រាប់បាល់ចាប់ពី ៥ គ្រាប់ទ្បើងពេលប៉ះ GPS ដើម្បីមានឱកាសទ្បើងទៅវគ្គបន្ត

Jun 19, 2024 - 15:51
 7
ចែករំលែកទៅកាន់

គ្រូបង្វឹករបស់ក្រុម Avatar FC លោក ប៊ុត សុទ្ធី រំពឹងថាក្រុមរបស់លោកនឹងអាចរកគ្រាប់បាល់ច្រើនជាងក្រុម ស.ស.យ.ក. វិស័យមហាផ្ទៃ ពេលក្រុមរបស់លោកប៉ះគ្នាជាមួយនឹងក្រុម GPS Sports FC នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីមានឱកាសទ្បើងទៅវគ្គបន្តទៀត។

លោក ប៊ុត សុទ្ធី បានថ្លៃងប្រាប់សារព័ត៌មាន PSB News Sports ថា៖ «ទាក់ទងនឹងការប្រកួតខាងលើនេះ ក្រុមរបស់ខ្ញុំពិតជាត្រូវការពិន្ទុជាចាំបាច់ ដោយសារក្រុមស.ស.យ.ក. វិស័យមហាផ្ទៃ បានយកឈ្នះលើក្រុម GPS Sports FC រហូតដល់ ៦-១ ឯណោះ។ ដូច្នេះហើយ ពួកយើងចាំបាច់ត្រូវតែរកគ្រាប់ចាប់ពី ៥ (៥-០) គ្រាប់ទ្បើងទៅ ទើបអាចធានាទ្បើងទៅវគ្គបន្ត ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទ្បើយ ដោយសារពួកគេមានកីទ្បាករក្មេងៗល្អច្រើនផងដែរ។ ហើយខ្ញុំរំពឹងទុកថាពួកយើងនឹងធ្វើបានល្អជាងការប្រកួតមុនៗ ប៉ុន្តែជាក់ស្តែងដល់ថ្ងៃប្រកួតទើបយើងអាចដឹងពីលទ្ធផលបាន។»

លោកបន្តទៀតថា៖ «សម្រាប់កីទ្បាកររបស់ពួកយើងក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ហើយកីទ្បាករដែលយើងមានការសង្ស័យថាអវត្តមានការប្រកួតមុនៗ ដោយសាររបួស ពួកគេក៏អាចវិលត្រលប់មកទីលានវិញបាន។ ហើយខ្ញុំរំពឹថាក្រុមរបស់យើងនឹងធ្វើបានល្អជាងក្រុមស.ស.យ.ក. វិស័យមហាផ្ទៃ ដោយសារពួកយើងរំពឹងថាទ្បើងទៅវគ្គបន្តបន្ទាប់ៗ»។ 

គួរឱ្យដឹងផងដែរថា នៅក្នុងពូល N នៃពានរង្វាន់ Soccer League ជាលើកទី ៧ ឆ្នាំ ២០២៤ ក្រុម ស.ស.យ.ក. វិស័យមហាផ្ទៃ កំពុងតែឈរនៅលេខរៀងទី ១ ជាបណ្នោះអាសន្នដោយមាន ៤ ពិន្ទុក្នុងដៃ ខណៈដែលក្រុម Avatar FC ឈរនៅលេខរៀងទី ២ មាន ១ ពិន្ទុ និងសល់ ១ ប្រកួតទៀតក្នុងដៃ  ដោយត្រូវប៉ះគ្នាជាមួយ GPS Sports FC នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕