Soccer League៖ រកឃើញក្រុមខ្លាំងៗទ្បើងវគ្គ ១៦ ក្រុមចុងក្រោយហើយ

Jun 20, 2024 - 15:07
Jun 20, 2024 - 16:20
 11
ចែករំលែកទៅកាន់

នៅទីបំផុត! ក្រុម Try All FC, យុវជនវត្តសិរីបន្ទាយដែក, ដូណាត់រីករាយ និង Chamkarmon Lion FC បានកក់កៅអីទ្បើងទៅវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី ៧ ឆ្នាំ ២០២៤ សម្រាប់ផ្នែកបុរស បន្ទាប់ពីប្រកួតកាលពីម្សិលមិញ...។

ជាការពិតណាស់! សម្រាប់ការប្រកួតកាលពីម្សិលមិញ ក្នុងពូល A ក្រុម Try All FC បានយកឈ្នះលើក្រុមបាល់ទាត់ទីទុយខ្មៅ ៥-៤ នៅទីលានវិទ្យាល័យបឹងត្របែង។ ហើយជ័យជម្នះខាងលើនេះបានធ្វើ​ឱ្យក្រុម Try All FC ទ្បើងឈរនៅកំពូលតារាង និងមាន ៦ ពិន្ទុក្នុងដៃ ខណៈដែលការបរាជ័យរបស់ក្រុមទីទុយខ្មៅ ធ្វើឱ្យពួកគេធ្លាក់មកលេខរៀងទី ២ ដោយមាន ៣ ពិន្ទុ...។ ចំំំណែកឯពូល B វិញ ទោះបីជាក្រុមយុវជនមូស្លិមច្រាំងចំរេះ១ បានយកឈ្នះលើសាកលវិទ្យាល័យកម្ពុជា ៩-៣ ក៏ពិតមែន ប៉ុន្តែជ័យជម្នះខាងលើនេះមិនបានជួយឱ្យពួកគេទទួលបានកៅអី ១៦ ក្រុមចុងក្រោយទ្បើយ ដ្បិតក្រុមទាំងពីរ មាន ៤ពិន្ទុស្មើគ្នា តែដោយសារក្រុមយុវជនវត្តសិរីបន្ទាយដែកមានគ្រាប់បាល់ចំណេញច្រើនជាង...។

ដោយទ្បែកពូល C ក្រោយពីក្រុម Chamkarmon Lion FC ទទួលបានជ័យជម្នះលើក្រុម DIG Legend FC បញ្ចប់លទ្ធផល ២-១ នៅទីលាន AUPP ក៏បានធ្វើពួកគេទទួល ៣ ពិន្ទុបន្ថែមទៀត ដោយបន្ដឈរកំពូលតារាង និងមាន ៦ពិន្ទុក្នុងដៃ។  ស្របពេលនៅក្នុងពូល D ក្រុមដូណាត់រីករាយ ក៏បានកក់កៅអីទ្បើងទៅវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះផងដែរ ទោះបីជាការប្រកួតរបស់ពួកគេទល់នឹងក្រុមអគ្គនាយកដ្ឋានរតនាគារជាតិ បញ្ចប់លទ្ធផលស្មើគ្នា ១-១ ក៏ដោយ ប៉ុន្តែក្រុមដូណាត់រីករាយមានគ្រាប់បាល់ចំណែញច្រើនជាង ដ្បិតក្រុមទាំងពីរ មាន ៣ពិន្ទុស្មើគ្នាក្តី...។  គួរជម្រាបថា បន្ទាប់ពីបញ្ចប់វគ្គជម្រុះខាងលើនេះកាលពីម្សិលមិញ ក្រុម Try All FC ត្រូវប៉ះគ្នាជាមួយនឹងក្រុមយុវជនវត្តសិរីបន្ទាយដែក ខណៈដែលក្រុម ​Chamkarmon Lion FC ក៏ត្រូវប៉ះគ្នាជាមួយនឹងក្រុមដូណាត់រីករាយ សម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះផងដែរ...៕