គ្រូខេត្តកណ្តាលសរសើរក្រុមយុវជនខណ្ឌកំបូលមិនដាច់ពីមាត់លើរឿងទាំងនេះ…!

Jun 25, 2024 - 11:23
Jun 25, 2024 - 11:30
 7
ចែករំលែកទៅកាន់

Soccer League៖ គ្រូបង្វឹករបស់ក្រុមស.ស.យ.ក ខេត្តកណ្តាល លោក ថោង ឧត្តម បានសរសើរក្រុមយុវជនខណ្ឌកំបូល មិនដាច់ពីមាត់សោះថាពួកគេជាក្រុមសម្បូរកីទ្បាករក្មេងៗល្អច្រើន ដែលមានបទពិសោធន៍ ល្បឿន កម្លាំង និងបច្ចេកទេសផ្សេងៗ ទោះបីជាក្រុមរបស់លោកយកឈ្នះលើពួកគេបញ្ចប់លទ្ធផល ២-០ នៅវគ្គ ១៦ក្រុមចុងក្រោយក៏ដោយ…។

លោក ថោង ឧត្តម បាននិយាយថា៖ «សម្រាប់ការប្រកួតខាងលើនេះ វាពិតជាតាងតឹងជាងប្រកួតមុនៗ ដោយសារតែវគ្គនេះគឺចាញ់ធ្លាក់តែម្តង ហើយគុណភាពរបស់ក្រុមយុវជន ខណ្ឌកំបូល សម្បូរកីទ្បាករក្មេងៗល្អច្រើន ដែលមានបទពិសោធន៍ ល្បឿន កម្លាំង និងបច្ចេកទេសផ្សេងៗ គឺពួកគេល្អ។ បើនិយាយពីកម្រិត នៃការលេងគឺ ៥០ ៥០ ក៏ប៉ុន្តែអ្វីដែលពួកយើងអាចយកឈ្នះការប្រកួតខាងលើនេះបានគឺការសហការ និងប្តេជ្ញាលេងជាក្រុមទាំងមូល»។

នៅក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ក្រុមស.ស.យ.ក ខេត្តកណ្តាល ដឹកនាំដោយលោក ថោង ឧត្តម បានយកឈ្នះលើយុវជនខណ្ឌកំបូល ដោយបញ្ចប់លទ្ធផល ២-០ នៅឯទីលានបឹងត្របែក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ លទ្ធផលខាងលើនេះបានធ្វើឱ្យក្រុមស.ស.យ.ក ខេត្តកណ្តាល បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយ ដោយត្រូវប៉ះគ្នាជាមួយនឹងក្រុម AL Ahly FC ដែលយកឈ្នះលើក្លិបបាល់ទាត់ក្រពុំពេជ្រកោះដាច់ ដោយបញ្ចប់លទ្ធផល ៤-១ ផងដែរ។ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមស.ស.យ.ក ខេត្តកណ្តាល និង AL Ahly FC នឹងត្រូវប្រកួតវេលាម៉ោង ៤ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះនៅឯកីទ្បដ្ឋាន Smart RSN..៕