ទោះបីជាកីទ្បាករបួសច្រើនមែន តែប្រធានក្លិប Chamkarmon Lion FC មិនមានក្តីបារម្ភទ្បើយ សម្រាប់ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ
ទោះបីជាកីទ្បាកររបួសជាច្រើនក៏ពិតមែន ប៉ុន្តែប្រធានក្លិប Chamkarmon Lion FC លោក ណែម សុវឌ្ឍនៈ មិនមានក្តីបារម្ភទ្បើយ សម្រាប់ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមរបស់លោកបានទម្លាក់ក្រុម Try All FC ចេញពីវគ្គ ៨ក្រុមចុងក្រោយ ដោយយកឈ្នះក្នុងលទ្ធផល ៣-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ជាការពិតណាស់! នៅក្នុងជំនួបដ៏តាងតឹងខាងលើនេះ សង្កើតឃើញថាក្រុមកីទ្បាកររបស់ក្លិប Chamkarmon Lion FC ហាក់បីជាមានរបួសជាច្រើន ដោយសារតែការប្រកួតនេះមិនថាក្រុម Chamkarmon Lion FC និង Try All FC គឺសុទ្ធតែចង់ឈ្នះរៀងៗខ្លួនម្តង និងដាក់សម្ពាធគ្នាទៅវិញទៅមកធ្វើឱ្យប៉ះទង្គិចគ្នាច្រើន។
យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួតខាងលើនេះប្រធានក្លិប Chamkarmon Lion FC លោក ណែម សុវឌ្ឍនៈ បានប្រាប់ឱ្យដឹងថា៖ «ពាក់ព័ន្ធនឹងរឿងខាងលើនេះ! ទី១ គឺលើទីលានដោយសារពួកយើងលេងពីវគ្គជម្រុះរហូតដល់វគ្គ១៦ក្រុមចុងក្រោយ គឺលេងលើស្មៅសិប្បនិម្មិតទេ ប៉ុន្តែដល់វគ្គ ៨ក្រុម ក៏ដូចជាវគ្គ ៤ក្រុម និងវគ្គផ្តាច់ព្រ័ត្រពួកយើងនឹងលេងលើស្មៅធម្មជាតិ ដែលវាប្លែកសម្រាប់កីទ្បាកររបស់ពួកយើងតិចតួច។ ចំពោះវគ្គបន្តទៀតខ្ញុំគិតថាក្រុមរបស់ខ្ញុំនៅតែធ្វើបានល្អ ដោយសារពួកយើងនៅតែមុតមាំង ទោះបីជាមានកីទ្បាករជាប់ពិន័យ និងរបួស ប៉ុន្តែពួកយើងនៅតែមានកីទ្បាករល្អជាច្រើនទៀត ដែលអាចលេងបាននៅការប្រកួតបន្ទាប់»។
គួរបញ្ជាក់ថា បន្ទាប់ពីទ្បើងទៅវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ក្រុម Chamkarmon Lion FC នឹងត្រូវប៉ះជាមួយក្រុម Tofu Army FC ដែលបានយកឈ្នះលើក្រុម Royal Bassac FC ដោយបញ្ចប់លទ្ធផល ១-០ នៅវគ្គ ៨ក្រុមចុងក្រោយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅឯកីទ្បដ្ឋាន AIA៕