កីឡាករបាល់ទាត់ចាស់ជាងគេ ចុះកុងត្រាជាមួយក្លឹបទី១៦
Kazuyoshi Miura ដែលជាកីឡាករបាល់ទាត់អាជីពចាស់បំផុតលើពិភពលោកបានបង្កើតកំណត់ត្រាថ្មីមួយផ្សេងទៀតដែលមិនគួរឱ្យជឿ។ ស្ថិតក្នុងវ័យ៥៧ឆ្នាំ កីឡាករដែលមានរហស្សនាមថា King Kazu ឥឡូវនេះបានចុះហត្ថលេខាសម្រាប់ក្លឹបថ្មីទី១៦ Atletico Suzuka ស្ថិតក្នុងលីកទី៤របស់ជប៉ុន។ ខ្សែប្រយុទ្ធជប៉ុនរូបនេះបានលេងបាល់ជិតបួនទស្សវត្សមកហើយ ដោយលេងនៅក្នុងប្រទេសចំនួនប្រាំមួយ និងក្លឹប១៦ផ្សេងៗគ្នា។ គាត់បានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងប្រទេសប្រេស៊ីលជាមួយ Santos ហើយបានឈរនៅក្លឹបប្រេស៊ីលផ្សេងទៀតដែលបន្ទាប់មករួមមាន Palmeiras, Matsubara-PR, Clube de Regatas Brasil និង Coritiba ជាដើម ។
Miura ជាកម្មសិទ្ធិរបស់ក្រុមលីកលំដាប់ទីពីរព័រទុយហ្គាល់ Oliveirense ដែលទើបផុតកុងត្រាកាលពីខែមុន។ គាត់នឹងផ្លាស់ទៅ Atletico Suzuka ក្នុងកិច្ចសន្យារយៈពេលកំណត់នៅថ្ងៃទី១ ខែកក្កដា រហូតដល់ខែមករា ឆ្នាំ២០២៥។ កីឡាករជើងចាស់រូបនេះនឹងឈានចូលដល់រដូវកាលទី៤០របស់គាត់ក្នុងនាមជាកីឡាករអាជីពនៅឆ្នាំក្រោយប៉ុន្តែលោកបញ្ជាក់ថា អាយុមិនសំខាន់ទេ។ លោកបាននិយាយថា ខ្ញុំចង់នៅលើទីលានប្រកួត និងលេងឱ្យបានយូរតាមដែលអាចធ្វើទៅបាន ហើយគោលបំណងរបស់ខ្ញុំគឺដើម្បីរកគ្រាប់បាល់នៅក្នុងការប្រកួតនាពេលខាងមុខ។ នៅក្នុងសន្និសីទសារព័ត៌មាន Miura បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពីអ្នកសារព័ត៌មាននៅពេលដែលលោកនិយាយថា ខ្ញុំពិតជាចាស់ជាងកីឡាករដទៃទៀត ប៉ុន្តែខ្ញុំមិនចង់លេងតាមស្ទីលរបស់កីឡាករជើងចាស់នោះទេ៕