UEFA កំពុងស៊ើបអង្កេតកីឡាករ Bellingham
UEFA កំពុងស៊ើបអង្កេតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Jude Bellingham ពីបទធ្វើកាយវិការមិនសមរម្យមួយបន្ទាប់ពីគាត់ស៊ុតបញ្ចូលទីតាមស្មើស្លូវ៉ាគី១-១ក្នុងការប្រកួត Euro 2024 វគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ។ UEFA បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានតែងតាំងក្រុមត្រួតពិនិត្យវិន័យ ដើម្បីពិនិត្យមើល ការបំពានដែលអាចកើតមានទៅលើច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តសមរម្យ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបាននិយាយថា ខ្លួនកំពុងពិនិត្យមើលច្បាប់មូលដ្ឋាននៃការប្រព្រឹត្តសមរម្យ ដើម្បីវាយតម្លៃទៅលើកីឡាករ Bellingham ។ Bellingham ត្រូវបានគេមើលឃើញធ្វើកាយវិការមិនគប្បីមួយទៅកាន់កីឡាករនិងអ្នកគាំទ្រស្លូវ៉ាគី។ដោយយកដៃចាប់សំដៅទៅប្រដាប់ភេទ។
កីឡាកររបស់ក្លឹប Real Madrid រូបនេះបានបដិសេធថា ខ្លួនមិនមានគោលដៅទៅលើគូប្រជែងរបស់អង់គ្លេសឡើយ។វាគឺជាការលេងសើចទៅលើមិត្តជិតស្និទ្ធមួយចំនួនតែប៉ុណ្ណោះ។ ប្រសិនបើរកឃើញកំហុស កីឡាករវ័យ ២១ឆ្នាំអាចប្រឈមមុខនឹងការព្យួរ ការផាកពិន័យ ឬទាំងពីរដែលអាចធ្វើអោយគាត់មិនអាចចូលរួមបានក្នុងការប្រកួតជាមួយស្វ៊ីសនៅចុងរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ យោងតាមមាត្រា 11/2b តម្រូវឱ្យនរណាម្នាក់ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់ UEFA ត្រូវតែគោរព គោលការណ៍សីលធម៌ ភាពស្មោះត្រង់ សុចរិតភាព ។
គួររំឭកដែរ កាលពី៥ ឆ្នាំមុន Cristiano Ronaldo ពេលលេងឱ្យ Juventus និងគ្រូបង្វឹក Atletico Madrid លោក Diego Simeone ត្រូវបានពិន័យជាប្រាក់ចំនួន ជាង២០០០០ ដុល្លារ ដោយ UEFA ពីបទធ្វើកាយវិការអាសអាភាសអំឡុងពេលការប្រកួត Champions League របស់ពួកគេ៕