Lamine Yamal ព្រមានទម្លាយសំណាញ់ទីក្រុមអាល្លឺម៉ង់
ស្ថិតក្នុងវ័យត្រឹមតែ១៦ឆ្នាំកីឡាករ Lamine Yamal កំពុងបង្កើតភាពអស្ចារ្យរបស់ខ្លួននៅក្នុងទ្វីបអឺរុបតាមរយៈការបង្ហាញទម្រង់ដ៏ល្អនៅក្នុងព្រឹត្តិការយូរ៉ូ២០២៤។ Lamine Yamal បានប្រាប់សារព័ត៌មាន Diario Sport ថា ប្រាកដណាស់ ខ្ញុំចង់រកគ្រាប់បាល់តាំងពីប្រកួតដំបូង ប៉ុន្តែខ្ញុំគិតថាខ្ញុំកំពុងសន្សំគ្រាប់បាល់របស់ខ្ញុំសម្រាប់ ការប្រកួតជាមួយម្ចាស់ផ្ទះ អាល្លឺម៉ង់នៅរាត្រីថ្ងៃសុក្រក្នុងការប្រកូតវគ្គ៨ក្រុមចុងក្រោយ។
ខ្សែបម្រើស្លាបរបស់ Barcelona ជួយបញ្ជូនបាល់បានពីរលើករួចហើយនៅក្នុងការប្រកួតយូរ៉ូ ក្លាយជាកីឡាករក្មេងជាងគេដែលធ្វើបានក្នុងវគ្គចែកពូលនិងវគ្គ១៦ក្រុម។ បន្ថែមពីនេះទៀត Yamal ស្ទើរតែស៊ុតបញ្ចូលទីបានមួយឬពីរគ្រាប់ទៅហើយ ពេលដែលអេស្ប៉ាញប៉ះជាមួយហ្ស៊កហ្ស៊ីកាលពីសប្តាហ៍មុន ប៉ុន្តែការព្យាយាមទាំងអស់របស់គាត់ត្រូវបានរារាំងដោយអ្នកចាំទី។ Yamal បានបន្តថាខ្ញុំសប្បាយចិត្តជាមួយនឹងលទ្ធផលដែលក្រុមរបស់យើងបានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយទន្ទឹងរង់ចាំការប្រកួតដ៏តឹងតែងនេះ។សម្រាប់ការប្រកួតនេះខ្ញុំសង្ឃឹមថានឹងមានឱកាសទម្លាយសំណាញ់ទីអាល្លឺម៉ង់បាន៕