អាល្លឺម៉ង់ប្រើយុទ្ធសាស្ត្រចាក់តន្ត្រី ការពារអ្នកស៊ើបការណ៍
ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ស្វិតស្វាញរបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញក្នុងវគ្គ៨ក្រុមចុងក្រោយ នៅរាត្រីថ្ងៃសុក្រនេះ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់កំពុងធានាថាយុទ្ធសាស្ត្រហ្វឹកហាត់របស់ពួកគេនៅនឹងរក្សាបានការសម្ងាត់មិនបែកធ្លាយដោយក្រុមចារកម្មស៊ើបការណ៍សម្ងាត់ណាមួយ។ ការរក្សាការសម្ងាត់យុទ្ធសាស្ត្រហឹ្វកហាត់គឺជារឿងសំខាន់ណាស់ហើយវាពិបាកនឹងធ្វើបំផុតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។
ទោះជាយ៉ាងណាក្តី យោងតាមកាសែតអាល្លឺម៉ង់ BILD បានរាយការណ៍ថា បុគ្គលិករបស់ក្រុមជម្រើសជាតិបានជ្រើសរើសយកវិធីចាក់ភ្លេងឲ្យលឺខខ្លាំងៗនៅលើទូរស័ព្ទដៃរបស់ពួកគេ ដើម្បីការពារនរណាម្នាក់ពីការលួចស្តាប់ផែនការរបស់ពួកគេ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកយកព័ត៌មានរបស់ BILD ពីរនាក់បានឮបទចម្រៀងដែលរៀបរាប់ពីរឿងកុមារភាពអាល្លឺម៉ង់ដែលមានចំណងជើងថា 'Benjamin Blümchen' កំពុងត្រូវបានចាក់នៅពេលពួកគេដើរកាត់ទីនោះ។
សម្រាប់ការប្រកួតយូរ៉ុ២០២៤នេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ពិតជាអស្ចារ្យណាស់គឺមិនស្គាល់ពាក្យបរាជ័យ ដោយបានយកឈ្នះលើស្កុតឡែន ហុងគ្រី ស្មើស្វ៊ីស និងឈ្នះដាណឺម៉ាក។ ចំណែកឯ គោជល់អេស្ប៉ាញវីញក៏កាន់តែអស្ចារ្យថែមទៀតគឺឈ្នះការទាំងបួនប្រកួតនិងបានបង្ហាញទម្រង់លេងដ៏លេចធ្លោពីកីឡាករក្មេងៗ Nico Williams, Lamine Yamal និង Fabian Ruiz៕