តើកីឡាកររូបណាឈ្នះពានអឺរ៉ុប និង EURO ក្នុងរដូវកាលតែមួយ?
គិតមកត្រឹមការប្រកួត EURO ២០២៤ នេះមានតែកីឡាករ១០នាក់ប៉ុណ្ណោះដែលបានឈ្នះពានទ្វីបអឺរ៉ុប ( European Cup) និងពានរង្វាន់យូរ៉ូ( EURO)នៅក្នុងរដូវកាលតែមួយ។ នេះបើយោងតាមកំណត់ត្រារបស់ UEFA.COM ។
កំណត់ដដែលនេះក៏បានឱ្យដឹងដែរថា Luis Suárez គឺជាកីឡាករដ៏អស្ចារ្យដំបូងគេ ក្នុងឆ្នាំ១៩៦៤ ដែលជួយ Inter លើកពានទ្វីបអឺរ៉ុប ដែលពេលនោះហៅថា( European Cup) ក្រោយមកហៅថា UEFA Champions League និងជួយ ក្រុមអេស្ប៉ាញដែលគ្មានបទពិសោធន៍ឱ្យឈ្នះពានយូរ៉ូ ដំបូងរបស់ពួកគេ។ ចំណែកឯចំណាត់ថ្នាក់លេខ២ (គិតតាមឆ្នាំ) បានទៅលើកីឡាករ៤រូបរបស់ហូឡង់គឺ Hans Van Breukelen, Ronald Koeman, Berry VAN Aerle និង Gerald Vanenburg ដែលបានជួយក្លឹប PSV ឈ្នះពានឆេមពានលីគ និងក្រុមជម្រើសជាតិហូឡង់លើកពានយូរ៉ូ ឆ្នាំ ១៩៨៨។
ជាមួយគ្នានេះដែរ ឆ្នាំ២០១២ កីឡាករ២រូបរបស់ក្លឹប Chelsea គឺ Fernando Torres និង Juan Mata ឈ្នះពានយូហ្វាឆេមពានលីកជាមួយក្លឹប Chelsea និងឈ្នះពានយូរ៉ូជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។ចំណែកឆ្នាំ ២០១៦កីឡាករ Cristiano Ronaldo និង Pepe ឈ្នះឆេមពានលីគជាមួយ Real Madrid និងឈ្នះពានយូរ៉ូជាមួយប្រទេសព័រទុយហ្គាល់។ជាចុងក្រោយគឺកីឡាករJorginho ឈ្នះពានឆេមពានលីកជាមួយក្លឹបChelsea និងពានយូរ៉ូជាមួយអ៊ីតាលីក្នុងឆ្នាំ២០២០៕